ផែនការសកម្មភាព យុទ្ធនាការ«ភ្នំពេញស្អាត» ឆ្នាំ២០២១

ក្រោមស្មារតីឆ្លើយតបទៅនឹងបញ្ហា និងកត្តាប្រឈមនៅក្នុងដំណាក់កាលអន្តរកាលថ្មីមួយ យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២១ នៅតែបន្តឈរលើ បេសសកម្ម ចក្ខុវិស័យ និងយុទ្ធសាស្រ្តរបស់ខ្លួន ហើយក៏បន្តអនុលោមឲ្យបានម៉ឺងម៉ាត់ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល អនុសាសន៍ណែនាំរបស់អង្គការសុខភាពពិភពលោកតាមរយៈការបន្តលើកទឹកចិត្តឲ្យមនុស្សយុគសម័យថ្មីប្រតិបត្តិឲ្យខានតែបាននូវគោលការណ៍សុវត្ថិភាព ដោយឈរលើទិសស្លោកប្រចាំឆ្នាំថ្មីមួយរបស់គម្រោងស្អាត គឺ «ទម្លាប់ថ្មី ទម្លាប់ស្អាត»។

«ទម្លាប់ថ្មី ទម្លាប់ស្អាត» ជាទិសស្លោកថ្មីប្រចាំឆ្នាំរបស់យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១ គឺជាការវិវត្ត និងកែសម្រួលពីពាក្យស្លោកចាស់ កាលពីឆ្នាំ២០២០ គឺ «ស្អាត ជាទម្លាប់ថ្មី» ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍បច្ចុប្បន្ន ដោយ ព្រួញមួយបាញ់បានសត្វពីរ ពោលគឺទៅលើបញ្ហាកូវីដផង និងវិស័យបរិស្ថានផង។