កម្មវីធីបើកដំណើរការយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១

កម្មវីធីបើកដំណើរការយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១

  • Start: Nov 1st, 2021
  • End: Nov 1st, 2021
  • Time: 9AM

អបអរសាទរកម្មវិធីបើកដំណើរការ «យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១»

កម្មវិធីប្រកាសបើកជាផ្លូវការ «យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១» បានប្រព្រឹត្តទៅ នៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង ៩:០០ នាទីព្រឹក តាមរយៈប្រព័ន្ធអនឡាញ (ZOOM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាសហស្ថាបនិកនៃគម្រោងស្អាត។ ក្នុងឆ្នាំ២០២១នេះ យុទ្ធនាការភ្នំពេញស្អាតនៅតែឈរលើ បេសកកម្ម ចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់ខ្លួន ក្រោមទិសស្លោកថ្មីប្រចាំឆ្នាំ គឺ “ទម្លាប់ថ្មី ទម្លាប់ស្អាត” ដោយអនុលោមទៅតាមអនុសាសន៍ណែនាំរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល ដើម្បីបន្តលើកទឹកចិត្តឲ្យមនុស្សយុគសម័យថ្មីប្រតិបត្តិនូវគោលការណ៍សុវត្ថិភាព និង អនាម័យ ជាពិសេសស្មារតីចូលរួមការពារ ថែរក្សា និងជំរុញមេត្រីភាពបរិស្ថាន ពោលគឺ “ការទុកដាក់ និងគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ” ដែលជាបេសកកម្មចម្បងនៃគម្រោងស្អាតចាប់តាំងពីឆ្នាំ២០១៧។

“ទម្លាប់ថ្មី ទម្លាប់ស្អាត” គឺជាការវិវត្ត និងកែសម្រួលពីទិសស្លោកចាស់ កាលពីឆ្នាំ ២០២០ គឺ “ស្អាត ជាទម្លាប់ថ្មី” ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍បច្ចុប្បន្ន ដែលមិនត្រឹមតែសំដៅដល់ ទម្លាប់ក្នុងការគ្រប់គ្រង និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលលើសពីនេះគឺការលើកកម្ពស់ ការរស់នៅដោយស្មារតីប្រុងប្រយ័ត្ន និង ការប្រកបរបរវិជ្ជាជីវៈផ្សេងៗប្រកបដោយប្រសិទ្ធភាពយោងតាមវិធានការ “៣ ការពារ និង ៣ កុំ” ក្នុងបរិបទកូវីដ-១៩ជាទម្លាប់ថ្មី។

ក្រុមការងារប្រតិបត្តិគម្រោងស្អាតសង្ឃឹមយ៉ាងមោះមុតថា ចលនាផ្លាស់ប្ដូរផ្នត់គំនិត និងឥរិយាបថទុកដាក់សំរាម របស់គម្រោងយើង នឹងជះឥទ្ធិពលវិជ្ជមានមួយដល់ប្រជាពលរដ្ឋ តាមរយៈការកែប្រែទម្លាប់ពីការចោលកាកសំណល់ពាសវាសពាសកាល ទៅជាភាពជាគំរូក្នុងការបោះសំរាមក្នុងធុងឲ្យបានត្រឹមត្រូវ ដើម្បីបរិស្ថានជុំវិញខ្លួនស្អាត សហគមន៍ស្អាត ទីក្រុងស្អាត និងសង្គមជាតិទាំងមូលស្អាត។

ក្រុមការងារប្រតិបត្តិគម្រោងស្អាតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាង កញ្ញាតំណាងក្រសួង មន្ទីរស្ថាប័នរដ្ឋ និងឯកជន អង្គការសង្គមស៊ីវិល ក្រុមហ៊ុនសហការឧបត្ថម្ភកម្មវិធី សមាគម លោកគ្រូ អ្នកគ្រូ Social Media Influencers ព្រមទាំងភ្ញៀវកិត្តិយសទាំងឡាយ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមកម្មវិធីបើកជាផ្លូវការ “យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១”។

#ភ្នំពេញស្អាត #PhnomPenhSaat
#SAAT2021 #ទម្លាប់ថ្មីទម្លាប់ស្អាត

Event location