កម្មវិធីបិទយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២០

កម្មវិធីបិទយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២០

  • Start: Nov 28th, 2020
  • End: Nov 28th, 2020
  • Time: 8:00 AM - 11:00 AM

អបអរសាទរពិធីបិទយុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២០ និងការប្រកាសពានរង្វាន់គម្រោងទស្សនាទាន «សាលាបរិស្ថានស្អាត» ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែវិចិ្ឆកា គ.ស.២០២០ នៅទីស្តីការក្រសួងបរិស្ថាន សាលប្រជុំម៉ុក ម៉ារ៉េតជានទី៥។

យុទ្ធនាការភ្នំពេញស្អាត ដែលជាផ្នែកមួយនៃគម្រោងស្អាតឆ្នាំ ២០២០ នេះត្រូវបានបញ្ចប់ទៅដោយរលូននឹងទទួលបានជោគជ័យជាមួយនឹងសមិទ្ធផលគួរជាទីមោទនបន្ទាប់ពីបានដំណើរការពេញមួយខែវិចិ្ឆកាត្រូវបានប្រសិទ្ធនាមថាជា «ខែស្អាត» ក្រោមទិសស្លោក «ស្អាតជាទម្លាប់ថ្មី»។ នៅក្នុងពិធីបិទយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២០ និងការប្រកាសពានរង្វាន់គម្រោងទស្សនាទាន «សាលាបរិស្ថានស្អាត» មានការចូលរួមពីសំណាក់គណៈអធិបតីដូចជា ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាសហស្ថាបនិកនៃគម្រោងស្អាត ឯកឧត្តម ហួត ហៃ អភិបាលរងនៃគណៈអភិបាលក្រុងរាជធានីភ្នំពេញ ឯកឧត្តម នេត ភក្រ្តា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសហស្ថាបនិកនៃគម្រោងស្អាត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សិល្បករ សិល្បការិនី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សតំណាងសាលាសរុបប្រមាណជាង៣០០នាក់ ដោយគោរពយ៉ាងខ្ជាប់ខ្ជួនទៅតាមគោលការណ៍ប្រតិបត្តិស្តង់ដាររួមរបស់ក្រសួងសុខាភិបាលស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ស្របតាមទិសស្លោក «ស្អាត ជាទម្លាប់ថ្មី»។

ក្រុមការងារប្រតិបត្តិគម្រោងស្អាត សូមធ្វើការកោតសរសើរ និងចូលរួមអបអរសាទរដល់ជ័យលាភីសាលាបរិស្ថានស្អាតទាំង៣ ដែលក្នុងនោះមាន៖

  • ជ័យលាភី «សាលាស្អាតឆ្នើម» បានទៅលើ សាលា ប៊ែលធី អន្តរជាតិ
  • ជ័យលាភី «សាលាស្អាតនិរន្តរភាព» បានទៅលើ វិទ្យាល័យព្រះស៊ីសុវត្ថិ
  • ជ័យលាភី «សាលាស្អាតច្នៃប្រឌិត» បានទៅលើ សាលារៀនសុវណ្ណភូមិ

ទន្ទឹមគ្នានេះដែរ អ្វីដែលកាន់តែពិសេសក៏មានការសម្តែង Flashmob ពីសំណាក់យុវជនសុច្ឆន្ទៈស្អាត ដើម្បីញ៉ាំងបរិយាកាសនៅក្នុងកម្មវិធី ឲ្យកាន់តែរីករាយ និងអធិកអធម។

ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារប្រតិបត្តិគម្រោងស្អាត សូមថ្លែងអំណរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃចូលរួមភ្ញៀវកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ប្អូនៗសិស្សានុសិស្ស ក្នុងពិធីដ៏នក្ខត្តឫក្សមួយនេះ។

ក្រុមការងារប្រតិបត្តិគម្រោងស្អាត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ ការឧបត្ថម្ភគាំទ្រ និងការជ្រោមជ្រែងយ៉ាងពេញទំហឹងមកលើគម្រោងទស្សនាទាន «សាលាបរិស្ថានស្អាត» នៃយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២០ ពីសំណាក់ក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ និងសូមថ្លែងអំណរគុណដល់ ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុន អង្គការ សមាគមនានាព្រមទាំងសាធារណជនពីគ្រប់មជ្ឈដ្ឋានដែលតែងតែគាំទ្រគម្រោងស្អាតកន្លងមក។

Event location