ផែនការសកម្មភាព យុទ្ធនាការ«ភ្នំពេញស្អាត» ឆ្នាំ២០២១

ក្រោមស្មារតីឆ្លើយតបទៅនឹងបញ្ហា និងកត្តាប្រឈមនៅក្នុងដំណាក់កាលអន្តរកាលថ្មីមួយ យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២១ នៅតែបន្តឈរលើ បេសសកម្ម ចក្ខុវិស័យ និងយុទ្ធសាស្រ្តរបស់ខ្លួន ហើយក៏បន្តអនុលោមឲ្យបានម៉ឺងម៉ាត់ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល អនុសាសន៍ណែនាំរបស់អង្គការសុខភាពពិភពលោកតាមរយៈការបន្តលើកទឹកចិត្តឲ្យមនុស្សយុគសម័យថ្មីប្រតិបត្តិឲ្យខានតែបាននូវគោលការណ៍សុវត្ថិភាព ដោយឈរលើទិសស្លោកប្រចាំឆ្នាំថ្មីមួយរបស់គម្រោងស្អាត គឺ «ទម្លាប់ថ្មី ទម្លាប់ស្អាត»។

«ទម្លាប់ថ្មី ទម្លាប់ស្អាត» ជាទិសស្លោកថ្មីប្រចាំឆ្នាំរបស់យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១ គឺជាការវិវត្ត និងកែសម្រួលពីពាក្យស្លោកចាស់ កាលពីឆ្នាំ២០២០ គឺ«ស្អាត ជាទម្លាប់ថ្មី» ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍បច្ចុប្បន្ន ដោយព្រួញមួយបាញ់បានសត្វពីរ ពោលគឺទៅលើបញ្ហាកូវីដផង និងវិស័យបរិស្ថានផង។

ទិសស្លោកថ្មីប្រចាំឆ្នាំនេះ «ទម្លាប់ថ្មី ទម្លាប់ស្អាត» គឺមិនត្រឹមតែសំដៅដល់ទម្លាប់ក្នុងការគ្រប់គ្រង និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្វីដែលលើសពីនេះគឺការជំរុញ និងលើកកម្ពស់ ការរស់នៅដោយស្មារតីប្រុងប្រយ័ត្ន និងការបំពេញការងារ ការប្រកបរបរវិជ្ជាជីវៈផ្សេងៗ ប្រកបដោយប្រសិទ្ធភាពក្នុងបរិបទកូវីដ-១៩ ជាមួយទម្លាប់ថ្មី។
នៅក្នុងឆ្នាំ២០២១នេះ ក្រោមកិច្ចសហការគាំទ្រ និងជ្រោមជ្រែងពីក្រសួងបរិស្ថាន និងបណ្តាស្ថាប័នរដ្ឋ និងឯកជនដទៃទៀត ក្រុមការងារប្រតិបត្តិនៃគម្រោងស្អាត បានជ្រើសរើសយុវជនសុច្ឆន្ទៈស្អាតចំនួន៤០នាក់ ដើម្បីប្រមូលជាកម្លាំងសាមគ្គីគ្នា អនុវត្តផែនការសកម្មភាព ដែលដាក់ចេញដោយសមាជិក សមាជិកា ក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត ដែលមានខ្លឹមសារអធ្ថាធិប្បាយដូចខាងក្រោម៖

ផែនការសកម្មភាពទី១៖ «ការសម្ភាសជាមួយនាយកប្រតិបត្តិ (Executives)»

បណ្ដានាយកប្រតិបត្តិដែលអញ្ជើញមកពីវិស័យចម្រុះក្នុងអង្គភាពសាធារណៈ និងឯកជន ទាំងស្ថាប័នជាតិ និងអន្តរជាតិ ចំនួន២៥នាក់ (តាមគោលដៅដែលបានកំណត់ទុក) នឹងចូលរួមការសម្ភាសដោយមានក្រុមការងារយុវជនស្អាតជាអ្នកសម្របសម្រួល។ ពួកគាត់ដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យផ្សេងៗគ្នា នឹងចូលខ្លួនចែករំលែកចំណេះដឹង និងវិធីសាស្ត្រទាំងឡាយពាក់ព័ន្ធនឹងរបៀបរស់នៅ របៀបធ្វើការ របៀបដឹកនាំគ្រប់គ្រងធុរកិច្ចរបស់ខ្លួនប្រកបដោយ ប្រសិទ្ធភាពក្នុងបរិការណ៍កូវីដ-១៩ ដោយក្រសោបយកទស្សនៈស្អាតមកធ្វើជាផ្នែកមួយនៃទម្លាប់ថ្មីផងដែរ។

ផែនការសកម្មភាពទី២៖ «ការសម្ភាសជាមួយអ្នកជួរមុខ (Frontliners)»

ផែនការបន្ទាប់ទៀតនេះ គឺជាការសម្ភាសទៅកាន់អ្នកជួរមុខ ដែលសុទ្ធសឹងតែជាបុគ្គលដែលប្រឈមមុខក្នុងកម្រិតខ្ពស់ ជាមួយមជ្ឍដ្ឋានទូទៅ មិត្តរួមការងារ ឬអតិថិជន នៅក្នុងការប្រកបការងារប្រចាំថ្ងៃរបស់ពួកគេរួមមាន៖ អ្នកដឹកជញ្ជូន អ្នករត់តុ អ្នកគិតលុយ អាជីវករលក់ដូរតាមទីផ្សារ អ្នកទទួលបដិសណ្ឋារកិច្ច កម្មករ កម្មការនី ក្រុមគ្រូពេទ្យតាមទីតាំងព្យាបាលជំងឺកូវីដ។ល។ ពួកគេទាំងអស់នេះនឹងចូលរួមចែករំលែកបទពិសោធន៍ ព្រមទាំងតិចនិកមធ្យោបាយនានា ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន ខណៈពេលជាមួយគ្នានេះក៏ត្រូវរក្សាអនាម័យស្អាតជាដើម។

ផែនការសកម្មភាពទី៣៖ «កិច្ចពិភាក្សាជាលក្ខណៈតុមូល (Panel Discussions)»

ខុសប្លែកពីការសម្ភាសខាងលើដែលមានលក្ខណៈជាបុគ្គល កិច្ចពិភាក្សាត្រង់នេះ គឺជាការជជែកពិគ្រោះយោបល់គ្នាទៅវិញទៅមក ជាលក្ខណៈពហុភាគី ដោយមានវាគ្មិនកិត្តិយស ជានាយកប្រតិបត្តិ ប្រធានអង្គភាព អ្នកជំនាញបច្ចេកទេស អញ្ជើញមកពីវិស័យរដ្ឋ ឯកជន និងអង្គការសង្គមស៊ីវិលនានា ដើម្បីមកពិភាក្សា ផ្លាស់ប្តូរមតិយោបល់ ក៏ដូចជាបទពិសោធន៍ល្អៗជុំវិញបញ្ហាប្រឈម និងលើកឡើងជាដំណោះស្រាយល្អៗចែកជូនសាធារណជន។ កិច្ចពិភាក្សានេះផ្ដោតចម្បងទៅលើប្រធានបទ «ទម្លាប់ថ្មី ទម្លាប់ស្អាត» នៅក្នុងការអនុវត្តមុខរបរ និងការប្រកបវិជ្ជាជីវៈការងារផ្សេងៗប្រកបដោយប្រសិទ្ធភាព ក្នុងបរិបទកូវីដ១៩ ក្នុងវិស័យជាអាទិ៍ រួមមាន៖
វិស័យអប់រំ ឧស្សាហកម្មអាហារនិងភេសជ្ជៈ វិស័យសិប្បកម្ម វិស័យសំណង់ វិស័យសេវាកម្ម និង
បដិសណ្ឋារកិច្ច ព្រមទាំងសហគ្រាសខ្នាតតូច និងមធ្យម (SME) និងវិស័យធុរកិច្ចពាក់ព័ន្ធនានាជាដើម។

ផែនការសកម្មភាពទី៤៖ «ភាពជាដៃគូជាមួយភ្នាក់ងារផ្សព្វផ្សាយ»

យុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២១ នៅតែបន្តសហការ ក្នុងភាពដៃគូ ជាមួយបណ្ដាញភ្នាក់ងារផ្សព្វផ្សាយទៅលើការបង្កើតខ្លឹមសារ និងមាតិកាទាក់ទងនឹង «ទម្លាប់ថ្មី ទម្លាប់ស្អាត» ដែលនឹងមានការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្ដាញសង្គម ឲ្យបានទូលំទូលាយទូទាំងប្រទេស និងជ្រាបដល់ទស្សនិកជនគ្រប់វ័យ និងសាធារណជនទូទៅផងដែរ។ កិច្ចសហការផ្សព្វផ្សាយនេះ នឹងមានការចូលរួមពីសំណាក់បុគ្គល ភ្នាក់ងារ ស្ថាប័ន និងក្រុមហ៊ុនផ្សព្វផ្សាយនានាដែលមានឥទ្ធិពល និងសក្តានុពលនៅកម្ពុជា។

ផែនការសកម្មភាពទី៥៖ «ការផ្សារភ្ជាប់ជាមួយបុគ្គលមានឥទ្ធិពលក្នុងបណ្ដាញសង្គម»

បុគ្គលមានឥទ្ធិពលក្នុងបណ្ដាញសង្គម (Social Media Influencers) នឹងដើរតួនាទីជាទូតសុច្ឆន្ទៈស្អាត ក្នុងការពាំនាំនូវសារអប់រំ «ទម្លាប់ថ្មី ទម្លាប់ស្អាត» ទៅដល់ប្រិយមិត្តគាំទ្ររបស់ពួកគេ និងជាពិសេសដើរតួជាជនគំរូក្នុងការប្រកាន់ខ្ជាប់នូវឥរិយាបថទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ការរក្សាអនាម័យស្អាត តាមរយៈការបង្កើតខ្លឹមសារ និងមាតិកាជាអត្ថបទ ជាវីដេអូខ្លីៗតាមប្រព័ន្ធបណ្ដាញសង្គម ដើម្បីទាក់ទាញឲ្យសាធារណជនបានចូលមើល យកគំរូតាម និងចូលរួមជាមួយយុទ្ធនាការភ្នំពេញស្អាត ក្នុងការថែរក្សាអនាម័យផ្ទាល់ខ្លួន គេហដ្ឋាន ការិយាល័យធ្វើការ ដើម្បីឈានទៅដល់សហគមន៍គ្មានសំរាមពាសវាលពាសកាល ពិសេសឈានទៅដល់សោភ័ណភាពទីក្រុងស្អាត និងប្រទេសជាតិប្រកបដោយបរិស្ថានស្រស់បំព្រង។

ផែនការសកម្មភាពទី៦៖ «ដាក់បញ្ចូលវិធានការ ៣ ការពារ ៣ កុំ ចូលក្នុង គោលការណ៍គ្រឹះរបស់យុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២១»

ដូចដែលមានចែងក្នុងសេចក្ដីផ្ដើមខាងលើ យុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២១ នឹងរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងចូលរួមជាសហវិជ្ជមានជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹង មេរោគកូវីដ១៩នេះ តាមរយៈដាក់បញ្ចូលវិធានការ ៣ការពារ និង៣កុំ ទៅក្នុងគោលការណ៍គ្រឹះរបស់យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ ២០២១ ដោយភ្ជាប់ជាមួយសកម្មភាពមួយចំនួនដូចជា៖
• បង្កើតគោលការណ៍គ្រឹះនៃ «ទម្លាប់ថ្មី ទម្លាប់ស្អាត» ជាលក្ខណៈ Animated Infographic និងបញ្ចូលក្នុង QR Code ទៅគ្រប់សកម្មភាពទាំងអស់
• Fun Voxpod ដែលចូលរួមដោយក្រុមយុវជនស្អាត តាមរយៈការបង្កើតវីដេអូអប់រំ
• ការបង្កើត Mini Game រួមមាន៖ Trash Sorting និង GIF Freeze

ផែនការសកម្មភាពទី៧៖ «កិច្ចសហប្រតិបត្តិការជាមួយបណ្ដាក្រសួង អង្គការ និងសមាគម ព្រមទាំងដៃគូសហការនានា»

ដើម្បីជាការជំរុញ និងពន្លឿនផែនការសកម្មភាពគម្រោងស្អាតឆ្នាំ ២០២១ នេះឲ្យទទួលបានប្រសិទ្ធផលខ្ពស់ យុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២១ ក៏កំពុងបង្កើតចំណងមេត្រីភាព ក្រោមកិច្ចសហប្រតិបត្តិការជាមួយបណ្ដាក្រសួង អង្គការ និងសមាគម ព្រមទាំងដៃគូសហការនានា។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសហការ និងទាក់ទងតួអង្គពាក់ព័ន្ធ តួយ៉ាងមានដូចជាប្រធានស្ថាប័ន អ្នកជំនាញបច្ចេកទេស នាយកប្រតិបត្តិពីអង្គភាពស្ថាប័នទាំងនោះ ឲ្យមកចូលរួមក្នុងកិច្ចសម្ភាសជាលក្ខណៈបុគ្គល (Interview with Executives) ឬកិច្ចពិភាក្សាតុមូល (Panel Discussions) ជា
ដើម។ ក្រៅពីសាលារាជធានីភ្នំពេញ បណ្ដាក្រសួងស្ថាប័នរដ្ឋនានា (ជាពិសេស ក្រសួងបរិស្ថាន, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត)យុទ្ធនាការភ្នំពេញស្អាត បានសហការយ៉ាងជិតស្និទ្ធជាមួយបណ្ដាសមាគម និងអង្គការ ដែលរួមមានដូចជា ៖ (១) សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (២) សហភាពសហព័ន្ធយុវជនកម្ពុជា (៣) សមាគមភស្តុភារកម្មកម្ពុជា (៤) សមាគមភោជនីយដ្ឋានកម្ពុជា (៥) សមាគមភ្នាក់ងារទេសចរណ៍កម្ពុជា (៦) សមាគមសណ្ឋាគារកម្ពុជា (៧) សមាគមសហគ្រិនវ័យក្មេងកម្ពុជា (៨) សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (៩) សមាគមសហគ្រិនស្ត្រីកម្ពុជា (១០) សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (១១) សមាគមគ្រឹះស្ថានឧត្តមសិក្សា (១២) សមាគមក្លឹបអ្នកវិនិយោគកម្ពុជា (១៣) CEO Master Club (១៤) Business Network International និង (១៥) សភាពាណិជ្ជកម្មកម្ពុជា ។ល៕