សកម្មភាពយុទ្ធនាការភ្នំពេញស្អាត២០២០

រចនាសម្ព័ន្ធក្រុមការងារប្រតិបត្តិយុទ្ធនាការស្អាត ២០២០

សមិទ្ធផលនៃយុទ្ធនាការ «ភ្នំពេញស្អាត» ក្នុងឆ្នាំ២០២០ ក្រោយការបិទបញ្ចប់គម្រោងដោយជោគជ័យ

យុទ្ធនាការភ្នំពេញស្អាត ដែលជាផ្នែកមួយនៃ «គម្រោងស្អាត» សម្រាប់ឆ្នាំ២០២០នេះ ត្រូវបានបញ្ចប់ដោយរលូន និងទទួលបានជោគជ័យជាមួយនឹងសមិទ្ធផលគួរជាទីមោទនៈ បន្ទាប់ពីបានដំណើរការពេញមួយខែវិច្ឆិកា ដែលត្រូវបានប្រសិទ្ធនាមថាជា «ខែស្អាត»។
ក្នុងក្របខណ្ឌនៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២០នេះ និងដោយយោងលើបរិការណ៍នៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងអនុលោមតាមវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល ក្រុមការងារប្រតិបត្តិគម្រោងស្អាត បានរៀបចំ និងតាក់តែងផែនការសកម្មភាពយុទ្ធនាការថ្មី ដែលដាក់ទិសស្លោក «ស្អាត ជាទម្លាប់ថ្មី» ឬជាភាសាអង់គ្លេស « SAAT IS A NEW NORM»។ ដែលដើរតួនាទីជាទិសស្លោកគន្លឹះ សម្រាប់ដំណើរការប្រព្រឹត្តទៅនៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២០នេះ។ ចាប់តាំងពីជំងឺរាតត្បាតសកលកូវីដ-១៩ បានអុកឡុកប្រជាជាតិក្នុងពិភពលោកទាំងមូល អំឡុងការបើកទំព័រទសវត្សរ៍ថ្មីមក «ភាពស្អាត» បានក្លាយជានិន្នាការសកលមួយ និងជាទម្លាប់ថ្មីមួយ ដែលមនុស្សជាតិត្រូវការ និងប្រកាន់ខ្ជាប់ជាចាំបាច់ដោយពុំអាចខ្វះបាន។
ដូចនេះ ដើម្បីជាការចូលរួមចំណែកជាមួយអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល,យុទ្ធនាការភ្នំពេញស្អាតក្រោមទិសស្លោកថ្មីប្រចាំឆ្នាំនេះនឹងចូលរួមលើកទឹកចិត្តឱ្យមនុស្សសម័យថ្មីប្រតិបត្តិនូវគោលការណ៍អនាម័យស្អាត និងវិធានការសុវត្ថិភាពពីការឆ្លងវីរុសកូរ៉ូណា រួមមានពាក់ម៉ាសឱ្យបានជាប់លាប់នៅពេលចាំបាច់ ឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសង្គម ចៀសវាងការប៉ះពាល់ជាមួយសត្វ ឬអ្នកជំងឺក្អកនិងគ្រុនក្ដៅជាដើម។ បន្ថែមពីលើនេះ «ភាពស្អាត ដែលជាទម្លាប់ថ្មីនេះ» បានផ្សារភ្ជាប់ខ្លួនយ៉ាងស្អិតរមួតជាមួយនឹង «ការទុកដាក់ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ» ដែលជាបេសកកម្មចម្បង នៃយុទ្ធនាការភ្នំពេញស្អាតចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ២០១៧។

«សាលាបរិស្ថានស្អាត | Saat Edu 2020»

លើសពីនេះទៅទៀត ក្រុមការងារប្រតិបត្តិនៃយុទ្ធនាការភ្នំពេញស្អាត ដោយមានកិច្ចសហការជាមួយគ្រឹះ ស្ថានអប់រំរដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើការអនុវត្តរៀបចំការប្រកួតប្រជែងពានរង្វាន់គម្រោងទស្សនាទាន «សាលាបរិស្ថានស្អាត» តាមប្រព័ន្ធអនឡាញ ដែលជាផ្នែកមួយដើម្បីជំរុញផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការលើកកម្ពស់ការអប់រំអនាម័យ និងបរិស្ថានស្អាតនៅតាមបណ្តាគ្រឹះស្ថានអប់រំ។ ការប្រកួតប្រជែងនេះ នឹងត្រូវអនុវត្តដោយយុវជនបង្គោលភ្នំពេញស្អាត ដែលជាសិស្សានុសិស្សគំរូ និងឆ្នើម ចំនួនប្រមាណជា ៨០រូប ដែលត្រូវបានជ្រើសរើសចេញពី វិទ្យាល័យចំនួន ១៦ នៅក្នុងរាជធានីភ្នំពេញ។ ពួកគាត់ទទួលបានការបណ្តុះបណ្តាល និងបំពាក់បំប៉នពីគ្រូបង្វឹក (Coach) និងអ្នកសម្របសម្រួល (Mentor) ដែលមានបទពិសោធន៍ ដើម្បីបណ្តុះ និងបំផុសស្មារតី ក៏ដូចជាគំនិតច្នៃប្រឌិតថ្មីៗផ្សេងៗ ពាក់ព័ន្ធនឹងការរិះរកមធ្យោបាយនានា ដើម្បីកែប្រែឥរិយាបទស្ដីពីការគ្រប់គ្រងសំរាមអោយបានត្រឹមត្រូវ។ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលរួចមក ក្រុមការងារ តាមរយៈគណៈកម្មការវាយតម្លៃ បានធ្វើការដាក់ពិន្ទុ និងជ្រើសរើស ៦ សាលា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ដើម្បីចូលរួមប្រកួតប្រជែងបន្តក្នុងវគ្គផ្តាច់ព្រ័ត ដែលក្នុងនោះសាលាជ័យលាភីឆ្នើម៣ នឹងត្រូវទទួលបានពាន រង្វាន់ ជ័យលាភីគម្រោងផែនការដែលលេចធោ្លជាងគេប្រចាំឆ្នាំ ជ័យលាភីគម្រោងផែនការដែលមាននិរន្តរភាព និងជ័យលាភីគម្រោងផែនការដែលមានគំនិតច្នៃប្រឌិតប្លែកពីគេ។

ខ្សែភាពយន្តបែបអប់រំ និងមនោសញ្ចេតនាខ្លី

បន្ថែមលើផែនការសកម្មភាព «សាលាបរិស្ថានស្អាត» យុទ្ធនាការភ្នំពេញស្អាត ក៏បានរិះរក និងពាំនាំនូវគំនិតច្នៃប្រឌិតថ្មីៗមកគួបបន្សំគ្នា ដើម្បីជំរុញការផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាពនិងបានទូលំទូលាយមួយកម្រិតទៀត។ ជាក់ស្ដែង នៅក្នុងឆ្នាំ២០២០នេះ គេក៏ឃើញមានការផលិតវីដេអូ «ខ្សែភាពយន្តបែបអប់រំ និងមនោសញ្ចេតនាខ្លី បង្កប់ទិសស្លោកថ្មីស្ដីពី ស្អាតជាទម្លាប់ថ្មី» ដើម្បីចាក់ផ្សាយនៅតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានាផងដែរ។

ខ្សែភាពយន្តខ្លីនេះ ត្រូវបានផលិតឡើងយ៉ាងពិសេស និងសំរឹតសម្រាំងដោយក្រុមការងារផលិតដែលមានបទពិសោធន៍ និងជាមួយតួសម្តែងប្រកបដោយទេពកោសល្យ។ សាច់រឿងខ្លីនេះ មានឈុតឆាកបែបកំសត់ស្រក់ទឹកភ្នែក និងកំប្លែងផ្ទុះសំណើច លាយឡំជាមួយសារអប់រំចាក់ដោត ស្ដីពីក្បួនប្រតិបត្តិអនាម័យស្អាតសម្រាប់អនុវត្តក្នុងជីវភាពប្រចាំថ្ងៃ។ ជាសមិទ្ធផលខ្សែភាពយន្តខ្លីនេះ មានសាធារណជនទស្សនាចំនួនប្រមាណ ៤ សែន នាក់នៅលើបណ្តាញទំនាក់ទំនងសង្គម។

ស្ថាប័នសហការ ជ្រោមជ្រែង និងឧបត្ថម្ភ

យុទ្ធនាការភ្នំពេញស្អាត នៃគម្រោងស្អាត សូមគោរពអរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាក្រសួង ស្ថាប័ន និងក្រុមហ៊ុន ដូចមានរាយនាមខាងក្រោមនេះ ដែលបានសហការ ជ្រោមជ្រែង និងឧបត្ថម្ភកម្មវិធីនានារបស់យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២០នេះ។